Khmer Poem – ស្រណោះនារី

Everyone learned how to write a poem in Khmer Literacy class.  Most poems are written in order to convey the author’s feeling toward something.

កំណាព្យគឺជាកម្រងពាក្យឬកំណាព្យកាព្យឃ្លោងដែលមានការចាប់ចុងចួនពីរោះរណ្តំណែងណង មានឃ្លា មានល្បះ មានកម្រិតកំណត់ព្យាង្គតាមមេបទអាចបម្រើមនោសញ្ចេតនាមនុស្សឲ្យរំភើប សប្បាយរីករាយ និង សង្វេក អនិច្ចា និង ជាច្បាប់ទូន្មានប្រៀនប្រដៅផ្សេងៗ ។ល។

បទពាក្យប្រាំបី

រង្វាស់កាព្យ​ ៖​ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ។

ចំណាប់ជួនក្នុងវគ្គ ៖​ ព្យាង្គទី៨នៃឃ្លាទី១ក្នុងវគ្គទី១​ ជួននឹងព្យាង្គទី៣ ឬ ព្យាង្គទី៥នៃឃ្លាទី២ក្នុងវគ្គទី១ ។ ព្យាង្គទី៨នៃឃ្លាទី២ក្នុងវគ្គទី១ជួននឹងព្យាង្គទី៨នៃឃ្លាទី៣ក្នុងវគ្គ១ ហើយជួននឹងព្យាង្គទី៣ ឬ ព្យាង្គទី៥នៃឃ្លាទី៤ក្នុងវគ្គ១ ។

ចំណាប់ជួនឆ្លងវគ្គ ៖​ ព្យាង្គទី៨នៃឃ្លាទី៤ក្នុងវគ្គ១ ជួននឹង ព្យាង្គទី៨នៃឃ្លាទី២ក្នុងវគ្គទី២។

ស្រណោះនារី

សុពណ្ណារីពេលព្រឹកព្រលឹម                       ម្តេចមិនញញឹមដូចសព្វមួយដង

ប្លែកពីធម្មជាតិដែលស្រស់បំព្រង         សប្បាយសាសងបែកអាកាសសារ ។

នាងអើយគន់ផ្ទៃមេឃខៀវស្រងាត់     សត្វហើរឆ្វេងឆ្វាត់គ្រប់សព្វទិសារ

រលកបោកខ្ទប់អស់ផ្ទាំងសិលា               ក្លិនឈួរបុប្ភារាលពាសពេញព្រៃ ។

សុពណ្ណារីស្រីស្រស់នួនល្អង                        ហាក់ដូចសៅហ្មងនៅក្នុងហរទ័យ

កែវភ្នែកស្រទន់នាងមានរឿងអ្វី           ម្តេចនាងមិនស្តីតបនឹងនរណា ។

នាងអើយចូរនាងអាសូរដល់ចិត្ត          មនុស្សម្នាដែលគិតដល់ស្រស់កន្និដា

នាងមិនគួរលាក់សព្វទុក្ខបញ្ហា              រឿងក្តីយ៉ាងណាសូមនាងបកស្រាយ ។

សុពណ្ណារីហេតុម្តេចនាងយំ?                   ម្តេចនៅសំងំភ្លេចទឹកភ្លេចបាយ

អាណិតស្រស់ស្រីបំផ្លាញរូបកាយ            ខ្ញុំស្រណោះស្តាយសុពណ្ណារី ។